មកមើលវិធីធ្វើម្ហូប៣មុខ ពេញនិយមសម្រាប់សែនចូលឆ្នាំចិន
១- សម្លចាប់ឆាយ៖

គ្រឿងផ្សំ ឆ្អឹងជំនីជ្រូក ឬជើងជ្រូក ហៃប៊ី បង្គាក្រៀម ស្បែកជ្រូកក្រៀម ផ្សិតត្រចៀកកណ្ដុរ ពពុះសណ្ដែក ត្រាំទឹកទុក ការ៉ុត ឆៃថាវ ស្ពៃក្ដោប ស្ពៃបូកគោ ដំឡូងបារាំង ខាត់ណា ជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម អំបិល ស្ករ ទឹកត្រី ម្សៅស៊ុប ប្រេងឆា វិធីធ្វើ ឆ្អឹងជំនីជ្រូកឬជើងជ្រូកលាងទឹកឱ្យស្អាត រួចកាប់ជាដុំៗល្មម ការ៉ុត ឆៃថាវ ដំឡូងបារាំង ចិតសំបកលាងទឹកឱ្យស្អាត រួចកាត់ដុំៗ ស្ពៃកាត់កង់ៗ ចំណែកខាត់ណាសកសម្បកដើម លាងទឹកឱ្យស្អាត កាត់កង់ៗ ដាំឆ្នាំងសម្ល ចាក់ប្រេងឆាចូល ដាក់ខ្ទឹមចិញ្ច្រាំចូល រួចចាក់បន្លែស្ពៃ ខាត់ណា ការ៉ុត ឆាឱ្យទន់ សឹមដួសចេញ។ ចាក់ប្រេងឆាចូលឆ្នាំងម្ដងទៀត រួចចាក់ខ្ទឹមសចិញ្ច្រាំឱ្យល្អិត រំលីងឱ្យឈ្ងុយ រួចដាក់ឆ្អឹងជ្រូកចូល រំងាស់ឱ្យចេញទឹកបន្តិច ដាក់បង្គាក្រៀម ហៃប៊ីចូល បង់អំបិល ស្ករ ម្សៅស៊ុប ទឹកត្រី កូរឱ្យសព្វចូលគ្នា ចាក់ទឹកចូលបន្តិចទុកចោលប្រហែល៥នាទី ទើបដាក់ស្បែកជ្រូក ផ្សិតត្រចៀកកណ្ដុរ ពពុះសណ្ដែក ឆៃថាវ និងដំឡូងបារាំងចូល។ រំងាស់ទុកចោលរហូតឆ្អឹងនិងបន្លែរាងផុយ ទើបចាក់ទឹកចូលបន្ថែមទុកឱ្យពុះ ទើបចាក់បន្លែដែលឆារួចចូលទៀត។ ថែមគ្រឿង និងភ្លក់មើលឱ្យល្មមតាមចូលចិត្ត ពេលត្រូវដួសដាក់ចាន សឹមរោយស្លឹកខ្ទឹមនិងជីវ៉ាន់ស៊ុយតាមក្រោយជាការស្រេច។ ២-គាវបំពង

គ្រឿងផ្សំ សម្បកគាវ សាច់ជ្រូកបីជាន់ ១៥០ ក្រាម ត្រាវ ២៥០ ក្រាម អំបិលកន្លះស្លាព្រាកាហ្វេ ស្ករសមួយស្លាព្រាកាហ្វេ ម្រេចមួយស្លាព្រាកាហ្វេកន្លះ ស្លឹកខ្ទឹម ទឹកប៉េងប៉ោះមួយកូនចាន ប្រេងឆា ខ្ទឹមស វិធីធ្វើ ចិញ្ច្រាំសាច់ជ្រូកឲ្យម៉ត់ ឯត្រាវឈូសតូចៗ។ ហាន់ស្លឹកខ្ទឹម ដាក់ក្នុងចានសាច់ជ្រូកនិងត្រាវ។ ថែមស្ករ ប៊ីចេង អំបិល ម្រេច ចូលទុកធ្វើស្នូលគាវ។ យកស្នូលដែលលាយរួចនោះ មកដាក់ខ្ចប់សម្បកគាវ ទុកមួយអន្លើ ដាក់ដាំខ្លាញ់ឲ្យក្តៅ ហើយបោះគាវដែលខ្ចប់រួចចូល បំពងឱ្យឡើងក្រហម និងក្រៀមល្អជាការស្រេច។ ៣-មីឆា

គ្រឿងផ្សំ មីមូល ឬមីសរសៃធំ សាច់គោ បង្គា មឹកស្រស់ ស្នៀតពោត ស្ពែបូកគោ ខាត់ណា ការ៉ុត ប្រេងឆា ប្រេងខ្យង ស្ករស ទឹកត្រី ប៊ីចេង វិធីធ្វើ ស្រុះមីឱ្យទន់ ទុកមួយអន្លើ សាច់គោហាន់ជាចំណិតតូចៗ ស្តើងៗ បង្គាបកសំបកចេញ វះយកសរសៃខ្មៅនៅខ្នងចេញ កាត់មឹកជាកង់តូចៗ ហាន់បន្លែជាកង់ៗ ចាក់ប្រេងឆាចូលខ្ទះ ទុកឱ្យក្តៅរួចចាក់ សាច់គោ មឹក បង្គា ថែមស្ករ ទឹកត្រី ប៊ីចេងចូល ទុកចោលមួយសន្ទុះល្មមសាច់ឆ្អិន សឹមចាក់បន្លែចូលឆាចុះឡើង រួចដាក់ប្រេងខ្យងចូលឱ្យសព្វ ចាក់ទឹកថែមបន្តិច បើគោកពេក ទុកឱ្យមឹកឆ្អិនបន្តិច ដាក់មីចូល ឆាត្រលប់ចុះឡើងឱ្យសព្វ ភ្លក់មើលល្មមជាការស្រេច៕
អត្ថបទ៖ សរ សុគន្ធី
Comments
Post a Comment